យល់ដឹងពីអាការៈឈឺភ្នែក និងការព្យាបាលតាមបែបធម្មជាតិ
ភ្នែកគឺជាសរីរាង្គដ៏សំខាន់ ហើយសូម្បីតែការប៉ះពាល់តិចតួចក៏អាចបណ្ដាលឱ្យភ្នែកមានលទ្ធផលមិនល្អធ្ងន់ធ្ងរដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ ឬមានអារម្មណ៍មិនស្រួលនៅក្នុងភ្នែកអ្នកមិនគួរប្រងើយកន្ដើយមិនយកចិត្ដទុកដាក់ចំពោះវាឡើយ ពីព្រោះប្រសិនបើអាការៈឈឺចាប់នេះកាន់តែវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរនោះ អ្នកនឹងអាចបាត់បង់ចក្ខុវិញ្ញាណនេះមិនខាន។
ការឈឺភ្នែកត្រូវបានគេឱ្យឈ្មោះថា(ophthalmalgia) ហើយការឈឺភ្នែកនេះមានពីរប្រភេទ៖
ការឈឺភ្នែកត្រូវបានគេឱ្យឈ្មោះថា(ophthalmalgia) ហើយការឈឺភ្នែកនេះមានពីរប្រភេទ៖
- ការឈឺចាបត្រង់រចនាសម្ព័ន្ធខាងក្រៅនៃភ្នែក(Ocular Pain)៖ ការឈឺចាប់កើតឡើងលើផ្ទៃខាងក្រៅនៃភ្នែក។ វាអាចនាំឱ្យមានស្នាមក្រហម ក្រហាយ ឬមានអារម្មណ៍ថារមាស់។ អាការៈនេះជាទូទៅកើតឡើងនៅពេលអ្នករងរបួសនៅលើភ្នែក។ ការឈឺភ្នែកប្រភេទនេះអាចងាយស្រួលក្នុងការព្យាបាលដោយការប្រើថ្នាំបន្ដក់ភ្នែក(Eye Drop)។
- ការឈឺចាប់ត្រង់រង្វង់ភ្នែក(Orbital Pain)៖ ការឈឺចាប់នេះកើតឡើងក្នុងភ្នែករបស់អ្នក ហើយវាធ្វើឱ្យមានអារម្មណ៍ថាឈឺខ្ទោកៗ ឈឺចាក់ពើតៗ និងមានអារម្មណ៍ដូចគ្រាប់ខ្សាច់ចូលអញ្ចឹង។ វាជារឿងប្រសើរក្នុងការទៅជួបវេជ្ជបណ្ឌិតប្រសិនបើអ្នកជួបប្រទះការឈឺចាប់ប្រភេទនេះ ពីព្រោះវាអាចជាមូលហេតុមួយនៃជំងឺភ្នែកធ្ងន់ធ្ងរ។ ហេតុផលចំពោះការឈឺចាប់នៅក្នុងភ្នែក
- កម្ទេចកម្ទីប៉ើងចូល៖ ការឈឺចាប់ប្រភេទនេះគឺជាបញ្ហា ដែលតែងកើតឡើងជាញឹកញាប់ ហើយគឺជាការឈឺចាប់មួយប្រភេទដែលអ្នកជួបប្រទះនៅពេលធូលី ឬរបស់កខ្វក់ប៉ើងចូលភ្នែករបស់អ្នក។ ការប៉ើងល្អងធូលីចូលភ្នែកនេះតែងតែនាំឱ្យភ្នែកក្រហាយ ឡើងក្រហមនៅក្នុងភ្នែក និងថែមទាំងនាំឱ្យហូរទឹកភ្នែកទៀតផង។
- ភ្នែករងរបួស៖ ការរងរបួសគឺជាហេតុផលដ៏ចំបងមួយ ក្នុងចំណោមហេតុផលទាំងឡាយនៃការឈឺចាប់ក្នុងភ្នែក។ របួសមួយចំនួនដូចជាការរលាកសារធាតុគីមី ឬការរលាកដោយសារពន្លឺអាចបណ្ដាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ។ ម្យ៉ាងទៀតការប៉ះនឹងភ្នាក់ងារដែលបណ្ដាលឱ្យក្រហាយរលាកច្រើនពេកដូចជាថ្នាំប្ដូរពណ៌សក់ ឬប្រភពនៃពន្លឺដូចជាព្រះអាទិត្យអាចនាំឱ្យរបួសភ្នែកដែលបណ្ដាលឱ្យឈឺចាប់ក្នុងភ្នែក។
- ពពែភ្នែក ឬរលាកក្រពេញភ្នែក៖ មុនក្រហមៗដូចដុំពក ដែលកើតឡើងដោយសារការស្ទះក្រពេញបញ្ចេញជាតិរំអិលរបស់អ្នកនោះគេឱ្យឈ្មោះថាពពែឆ្កែ។ វាតែងកើតឡើងនៅផ្នែកខាងក្នុង ឬកើតឡើងនៅត្រង់គែមត្របកភ្នែក។ វាមិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ ហើយនឹងស្រកទៅវិញក្នុងរយៈពេលពីរ ឬបីថ្ងៃ។ វាងាយនឹងរងការឈឺចាប់ ហើយអាចមានអារម្មណ៍ថាឈឺខ្លះៗ។ យល់ល្អអ្នកគួរកុំប៉ះវាញឹកញាប់អី ហើយទុកវាឱ្យស្រកទៅដោយខ្លួនឯង។
- រលាកដោយសារ Contact Lens៖ ប្រសិនបើអ្នកពាក់ Contact Lens ជាញឹកញាប់ឬតែងតែពាក់វាពេញមួយថ្ងៃ គឺមានន័យថាអ្នកមុខជាធ្លាប់មានការឈឺចាប់ក្នុងភ្នែកហើយ។ ការមិនសម្អាត Lens របស់អ្នកក្នុងចន្លោះពេលសម្រាកអាចធ្វើឱ្យភ្នែករបស់អ្នកកាន់តែឈឺចាប់។ ការរលាកអាចបណ្ដាលឱ្យមានការឈឺចាប់ និងថែមទាំងអាចនាំឱ្យកើតរោគទៀតផង។ ការពាក់ Lens ចាស់ៗ ឬហួសកាលបរិច្ឆេទក៏អាចបណ្ដាលឱ្យឈឺចាប់ក្នុងភ្នែករបស់អ្នកផងដែរ។
- ជំងឺទឹកដក់ក្នុងភ្នែក៖ ជំងឺទឹកដក់ក្នុងភ្នែកគឺជាជំងឺធ្ងន់ធ្ងរមួយប្រភេទ ដែលបណ្ដាលមកពីការកើនឡើងសម្ពាធក្នុងភ្នែកដែលធ្វើឱ្យខូចសរសៃអុបទិក(Optic Nerve)។ វាអាចនាំឱ្យមានការឈឺចាប់ដ៏ខ្លាំងក្លា ហើយប្រសិនបើមិនស្វែងរកការព្យាបាលឱ្យទាន់ពេលវេលាទេវាអាចនាំឱ្យអ្នកបាត់បង់គំហើញតែម្ដង។ តើអ្នកអាចព្យាបាលភ្នែកដោយខ្លួនឯងតាមរបៀបណា?
- សម្រាកឱ្យបានច្រើន៖ ប្រសិនបើអ្នកមានអារម្មណ៍ថាក្រហាយ ឬឈឺចាប់នៅក្នុងភ្នែកយល់ល្អអ្នកគួរសម្រាក និងមិនត្រូវខំសម្លឹងច្រើននោះទេ។ ចៀសវាងការមើលទូរទស្សន៍ ឬប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទពីព្រោះវាកាន់តែធ្វើឱ្យភ្នែកឈឺ។
- ព្យាបាលដោយទឹក៖ បន្ដក់ទឹកត្រជាក់ទៅក្នុងភ្នែករបស់អ្នក ដើម្បីសម្អាតវា និងបន្ថយភាពក្រហាយ។ ប្រសិនបើការឈឺចាប់មិនបានធូរស្រាលដោយខ្លួនឯងទេ ហើយកើតឡើងសារជាថ្មីម្ដងទៀត យល់ល្អអ្នកគប្បីទៅជួបវេជ្ជបណ្ឌិតជំនាញ ហើយទទួលការពិនិត្យភ្នែករបស់អ្នក។ អ្នកគួរចៀសវាងការប្រើប្រាស់ថ្នាំព្យាបាលដោយខ្លួនឯង៕
Post a Comment