អនុវត្តដំណោះស្រាយ6ចំណុច ជួយពន្លត់កំហឹងក្នុងចិត្តអ្នក
ការទប់កំហឹងក្នុងចិត្តអាចជាបញ្ហាលំបាកមួយសម្រាប់មនុស្សម្នាក់ៗ ជាពិសេសសម្រាប់ជនដែលឆេវឆាវ ងាយឆាប់ខឹង តែទោះជាយ៉ាងណាក្តី កំហឹងមិនផ្តល់ផលល្អទេ។ ផ្ទុយមកវិញអ្នកកាន់តែខឹង អ្នកកាន់តែខ្លីបញ្ញា។
បើទោះណាវាជាបញ្ហាសាមញ្ញសម្រាប់ផ្លូវចិត្ត តែវាក៏ជារឿងសំខាន់ដែលត្រូវគ្រប់គ្រងឱ្យបានតាមមធ្យោបាយវិជ្ជមានងាយៗដូចខាងក្រោមនេះ ៖
១-ត្រូវបន្ធូរអារម្មណ៍ និងអំណត់ជាអតិបរិមា ៖ ការរាប់ពីលេខ១ដល់លេខ១០ មិនមែនសម្រាប់តែក្មេងទេ។ មុននឹងប្រតិកម្មទៅនឹងស្ថានភាពតានតឹងណាមួយ ត្រូវឆ្លៀតពេលគិតពី២ទៅ៣នាទី ដកដង្ហើមវែងៗ មួយៗ ហើយរាប់ឱ្យគ្រប់១០ ។ ការបញ្ចេញប្រតិកម្មយឺតពេលលើស្ថានភាពណាមួយជួយឱ្យអ្នកគ្រប់គ្រងកំហឹងបាន ។ ប្រសិនជាចាំបាច់ ចូរដើរចេញពីបុគ្គល ឬស្ថានភាពដែលអ្នកមិនពេញចិត្ត រហូតដល់ភាពមួម៉ៅរបស់អ្នកថយចុះបន្តិច ។
២-បញ្ចេញកំហឹង ឬការមិនសប្បាយចិត្តរបស់ខ្លួននៅពេលចិត្តស្ងប់ ៖ នៅពេលអ្នកបានគិតច្បាស់លាស់ អ្នកអាចបញ្ចេញនូវការមិនពេញចិត្តរបស់ខ្លួន ឬកំហឹងរបស់ខ្លួន ប៉ុន្តែក្នុងមធ្យោបាយមិនប្រឈមមុខដាក់គ្នា។ ការបញ្ចេញកំហឹងក្នុងលក្ខខណ្ឌបែបនេះមិនធ្វើឱ្យអ្នកណាម្នាក់មានរបួស ឬឈឺចាប់ទេ ហើយនេះក៏ជាចំណុចដែលអ្នកអាចគ្រប់គ្រងកំហឹងបានផងដែរ ។
៣-ហាត់ប្រាណ ៖ សកម្មភាពរាងកាយអាចផ្តល់ឱ្យចិត្តរបស់អ្នកនូវច្រកចេញមួយ ជាពិសេសប្រសិនជាអ្នកហៀបនឹងផ្ទុះកំហឹង ។ ប្រសិនជាអ្នកដឹងថា កំហឹងរបស់ខ្លួនរឹតតែរីកធំ ចូរហាត់ប្រាណដោយដើរលឿន ឬរត់ ឬក៏ចំណាយពេលធ្វើសកម្មភាពរាងកាយណាមួយដែលអ្នកពេញចិត្ត ។ ការហាត់ប្រាណនឹងជួយជំរុញសកម្មភាពបណ្តាសារធាតុគីមីទាំងឡាយក្នុងខួរក្បាល ហើយបន្ទាប់មកអាចធ្វើឱ្យអ្នកស្រឡះអារម្មណ៍ និងសប្បាយចិត្តជាងមុន ។
៤-ត្រូវគិតឱ្យបានច្បាស់មុននឹងនិយាយចេញ ៖ ក្នុងពេលចិត្តកំពុងក្តៅ ឬពុះកញ្ជ្រោលដោយកំហឹង គឺជាពេលដ៏ផុយស្រួយបំផុត និយាយចេញនូវអ្វីមួយដែលនាំឱ្យអ្នកសោកស្តាយនៅពេលក្រោយ ។ ចូរចំណាយពេល២ទៅ៣នាទី ប្រមូលយកការគិតពិចារណាមុននឹងនិយាយរឿងអ្វីមួយ ។
៥-រកឱ្យឃើញដំណោះស្រាយដែលអាចទៅរួច ៖ ជំនួសឱ្យការផ្តោតលើបញ្ហាដែលធ្វើឱ្យអ្នកមួម៉ៅ ចូរក្រឡេកទៅដោះស្រាយបញ្ហាដែល ងាយៗនៅក្បែរខ្លួន ហើយអាចធ្វើទៅបាន ។ ឧទាហរណ៍ ប្រសិនបើជាកូនៗរបស់អ្នកធ្វើឱ្យបន្ទប់រញ៉េរញ៉ៃ ជាជាងការបញ្ចេញកំហឹងដាក់ពួកគេ អ្នកគួរចាក់សោបិទបន្ទប់ចោល ។ ត្រូវរំលឹកខ្លួនឯងជាដរាបថា កំហឹងនឹងមិនអាចជួសជុលអ្វីមួយឱ្យល្អប្រសើរបានទេ ផ្ទុយទៅវិញវារឹតតែធ្វើឱ្យបញ្ហានោះកាន់តែអាក្រក់ឡើង ។
៦-កុំប្រកាន់ខ្ជាប់នូវការគំកួន ៖ ការអភ័យទោសគឺជាឧបករណ៍ស្រាយកំហឹងដ៏មានថាមពល ។ ប្រសិនជាអ្នកអនុញ្ញាតឱ្យកំហឹង និងអារម្មណ៍អវិជ្ជមានផ្សេងទៀតផ្ទុះចេញ អ្នកនឹងត្រូវលេបភាពល្វីងជូរចត់ ឬភាពអយុត្តិធម៌ទុកក្នុងខ្លួនហើយ ។
ការចេះអត់ឱនទោសដល់បុគ្គលដែលខឹងនឹងអ្នក វាអាចនឹងនាំឱ្យអ្នកទាំង២រៀនសូត្រស្វែងយល់នូវការយល់ច្រឡំ តែទោះជាយ៉ាងណាក្តី គេមិនសង្ឃឹមទុកថា មនុស្សគ្រប់គ្នាធ្វើអ្វីមួយត្រូវចិត្តរបស់អ្នកនោះឡើយ ៕
Post a Comment