៥ចំណុចសំខាន់ៗបំផុត សិស្សថ្នាក់ទី១២ គួរត្រៀមមុនប្រឡងបាក់ឌុប១ខែ
នៅមិនយូរប៉ុន្មានទេ ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧ជិតមកដល់ហើយ។ តើសិស្សថ្នាក់ទី១២ទាំងអស់គួរត្រៀមអ្វីខ្លះ? ខាងក្រោមនេះជាការចែករំលែកបទពិសោធន៍ពីយុវជនមួយចំនួនធ្លាប់ឆ្លងកាត់ ការប្រឡងបាក់ឌុប ជុំវិញគន្លឹះសំខាន់ៗដូចខាងក្រោម៖

១. រំឭកមេរៀន និងអនុវត្តលំហាត់ឱ្យស្ទាត់
អតីតជាសិស្សឆ្នើម ប្រចាំវិទ្យាល័យបាក់ទូក យុវតី ឈាវ រចបា ប្រាប់ពីគន្លឹះសំខាន់បំផុតមួយ ហើយមនុស្សភាគច្រើនក៏អាចដឹងនោះ គឺរំឭកមេរៀនតាំងពីដើមឆ្នាំគ្រប់មុខវិជ្ជាឡើងវិញ ដោយយកចិត្តទុកដាក់បំផុត មិនថាអ្នករៀនថ្នាក់សង្គមក្ដី ឬវិទ្យាសាស្ត្រពិតក្ដី។ យុវតីរូបនេះបន្ថែមទៀតថា មេរៀនដែលធ្លាប់រៀនកន្លងមកគួរចាប់ផ្ដើមរំឭកឡើងវិញពីថ្ងៃនេះទៅ មិនមែនជិតដល់ថ្ងៃប្រឡងចាំរំឭកនោះទេ ព្រោះគ្មានប្រសិទ្ធភាព។ ដោយឡែកចំពោះមុខវិជ្ជា គណិត រូប គីមី ជីវ គួរអនុវត្តលំហាត់ឡើងវិញទាំងអស់ ធ្វើយ៉ាងណាឱ្យប្រាកដថា ពិតជាអាចធ្វើបាន និងយល់ច្បាស់ដោយពិតប្រាកដ។
២. មើលនិងអនុវត្តវិញ្ញាសាប្រឡងកាលពីឆ្នាំមុនៗ
ឈាវ រចនា យុវតីពូកែតែង និងសូត្រកំណាព្យបានយ៉ាងល្អរូបនេះ បន្តទៀតថា ជាគន្លឹះសំខាន់របស់ខ្លួនតែម្ដងគឺ ទៅមើលវិញ្ញាសាប្រឡងកាលពីឆ្នាំមុនៗតាមរយៈការសាកសួរលោកគ្រូ អ្នកគ្រូ សិស្សច្បង ឬតាមរយៈឯកសារផ្សេងៗ។ បន្ទាប់ពីស្រាវជ្រាវហើយ ត្រូវយកលំហាត់ ឬវិញ្ញាសាប្រឡងទាំងនោះមករៀនធ្វើដោយផ្ទាល់តែម្ដង ដើម្បីស្ទង់សមត្ថភាពរបស់ខ្លួន ថាតើអាចទៅរួចដែរឬទេ? ប្រសិនបើស្ទើរត្រូវខិតខំបន្ថែមទៀត ដើម្បីអាចប្រឡងជាប់និទ្ទេសល្អ។ យុវតីរូបនេះលើកឡើងទៀតថា ជួនកាលលំហាត់ខ្លះ អាចចេញម្ដងទៀតក៏មានដែរ ម្យ៉ាងវិញទៀតនេះជាកត្តាធ្វើឱ្យមានទំនុកចិត្តកាន់តែខ្លាំង។

៣. សង្ខេបមេរៀន និងរូបមន្តមុខវិជ្ជាសំខាន់ៗ
ដោយឡែកចំពោះ យុវតី គឹម ច័ន្ទបុប្ផា មកពីខេត្តបាត់ដំបងវិញ លើកឡើងថា សិស្សត្រៀមប្រឡងបាក់ឌុបទាំងអស់ គួរតែឆ្លៀតពេលសង្ខេបមេរៀនសំខាន់ៗឡើងវិញ ដើម្បីបង្កើនការចងចាំ និងទំនុកចិត្តតាមរយៈការកត់ត្រាមេរៀនទាំងនោះ ស្រង់យកចំណុចសំខាន់ ឬខ្លឹមសារមេរៀន។ រចនា ប្រាប់ទៀតថា ចំពោះមុខវិជ្ជាដែលត្រូវការគណនា ដូចជាគណិតវិទ្យា រូបវិទ្យា ជីវវិទ្យា និងគីមីវិទ្យា គួរសង្ខេបរូបមន្តចងក្រងទុក ព្រោះថាការគណនាសំខាន់បំផុតគឺរូបមន្ត បើចាំរូបមន្តប្រៀបដូចជាចេះធ្វើលំហាត់នោះបាត់ទៅហើយ។ ដូចនេះទាំងទ្រឹស្ដី ទាំងគណនាត្រូវច្បាស់ទាំងអស់។
៤. កុំសម្រុកខ្លាំង តែត្រូវមានទំនុកចិត្តលើខ្លួនឯង
មកដល់ចំណុចនេះ បុប្ផា ដដែលបានប្រាប់ថា កុំព្យាយាមសម្រុកខ្លាំងពេកដូចជាការរៀនគួរជាដើម ព្រោះវាមិនបានជួយឱ្យចេះកាន់តែខ្លាំងនោះទេ តែផ្ទុយទៅវិញអាចធ្វើឱ្យស្មុគស្មាញកាន់តែខ្លាំង។ ជាដំណោះស្រាយល្អមិនគួរធ្វើឱ្យមានអារម្មណ៍ភ័យ ឬសម្រុកខ្លាំងពេកទេ តែត្រូវសម្រួលអារម្មណ៍ ទន្ទេញមេរៀន ឬធ្វើលំហាត់ដោយស្ងប់ចិត្ត។ ចំណុចដែលសំខាន់បំផុតនោះ គឺរៀនឱ្យយល់កុំចាំ ប្រសិនគ្រាន់តែចាំគឺអាចភ្លេចទៅវិញ ប៉ុន្តែប្រសិនបើយល់ច្បាស់វិញទោះទៅប្រឡងទីណាក៏មិនភ័យដែរ។

៥. ថែរក្សាសុខភាពឱ្យល្អ
មកជួបជាមួយ យុវជន សុវណ្ណរដ្ឋ នៅរាជធានីភ្នំពេញ វិញ បានប្រាប់ថា ពេលដែលត្រៀមគ្រប់យ៉ាងសព្វគ្រប់ហើយ គឺការថែរក្សាសុខភាពឱ្យល្អរង់ចាំថ្ងៃប្រឡង កុំរៀនភ្លេចបាយភ្លេចទឹក នាំឱ្យប៉ះពាល់សុខភាព គួរញ៉ាំឱ្យឆ្អែត គេងឱ្យគ្រប់គ្រាន់ទើបមានកម្លាំងប្រឡងបាន៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
Post a Comment