Header Ads

លិចសាឡាងដឹកអ្នកដំណើរ ១៧០នាក់ មួយគ្រឿង ស្លាប់និងបាត់ខ្លួន ច្រើននាក់

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៩ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត នៅ​ពេល​ដែល​សាឡាង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង បាន​លិច​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ នៅ​ភាគ​ពាយព្យ ប្រទេស​កូឡុំប៊ី។

ជាមួយ​គ្នា​នេះ​ដែរ មនុស្ស​ចំនួន ២៨ នាក់​ទៀត​កំពុង​បាត់ខ្លួន បន្ទាប់​ពី​សាឡាង​កម្ពស់ ៤ ជាន់​នោះ បាន​លិច​នៅ​ក្បែរ​ទីក្រុង Guatapé ចម្ងាយ ៤៥ គីឡូម៉ែត្រ ភាគ​ខាងកើត​នៃ​ទីក្រុង Medellín កាល​ពី​វេលា​ម៉ោង ២ រសៀល ថ្ងៃ​អាទិត្យ ទី២៥ កន្លង​ទៅ​នេះ។

សាក្សី​ម្នាក់​មាន​ឈ្មោះ​ថា Juan Quiroz បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​អ្នក​ដំណើរ​ប្រមាណ​ជា ១៧០ នាក់​នៅ​លើ​នោះ។ សាឡាង បាន​លិច​ចូល​ទៅ​ក្នុង​ទឹក ក្នុង​រយៈ​ពេល​មិន​ដល់ ៥ នាទី​ផង។ នេះ​បើ​យោង​តាម​សារព័ត៌មាន RT។

ទោះ​ជា​យ៉ាង​ណា ទូក​កម្សាន្ត​ជាច្រើន​គ្រឿង បាន​ប្រញាប់ប្រញាល់​មក​ជួយ​សង្គ្រោះ ជន​រងគ្រោះ​ពី​ទឹក និង​លើ​ដំបូល​សាឡាង​នោះ។

ឧទ្ធម្ភាគចក្រ​កងទ័ព​អាកាស​មួយ​គ្រឿង ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ ផង​ដែរ។

យ៉ាងណាមិញ ជន​រងគ្រោះ​ច្រើន​ជាង ២០ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ នៅ​ឯ​ទីក្រុង Guatapé ខណៈ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត ដែល​បណ្ដាល​ឲ្យ​សាឡាង​មួយ​គ្រឿង​នោះ​លិច​ឡើយ៕


សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ https://on.rt.com/8g1v

Powered by Blogger.