Header Ads

លួច​បាន​ហើយ​ជិះ​ម៉ូតូ​វង្វេងផ្លូវ ចង្រៃ​អី? សួរ​ប៉ះ​ចំ​ប្រជា​ការពារ​ភូមិ

កណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​របស់​អ្នក​ភូមិ​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​រក​ផ្លូវ​គេ​ខ្លួន​ដោយ​វង្វេង ហើយ​បាន​ឈប់​សួរ​ប៉ះ​ចំ​ប្រជា​ការពារ​ភូមិ ក៏​ត្រូវ​ប្រជា​ការពារ​ភូមិ ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ឧសភា ២០១៧ នៅ​ចំណុច​ទួល​អ្នកតា​ស្លែង ភូមិ​កំចាត់​ព្រាយ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។



បើ​តាម​មន្ត្រី​នគរបាល​នៅ​អធិការដ្ឋាន​ស្រុក​ពញាឮ​បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឯក ឡា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ី​ម រ៉​ហ្វា​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ និស្សិត​ឆ្នាំ​ទី​២ ទីលំនៅ​សព្វថ្ងៃ ភូមិ​ទួល​ងោ​គ ឃុំ​កំពង់​លួង​ស្រុក​ពញា​ឭ ខេត្តកណ្តាល ។   ប្រភព​ពី​ប្រជា​ការពារ​ភូមិ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ជា​ប្រជា​ការពារ បាន​ដើរទៅ​ដាក់​មង​នៅ​ចំណុច​កើតហេតុ ពេល​នោះ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​សេ​១២៥​ស៊េរី​២០១៤ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មក​ឈប់​សួរ​គាត់​ថា មាន​ផ្លូវ​ណា​ទៅ​ថ្នល់ទទឹង​ទេ? ខណៈនោះ គាត់​មានការ​សង្ស័យ ក៏​បាន​ទូរ​សព្ទ​ប្រាប់​លោក​មេ​ភូមិ​ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ ភ្លាម​នោះ​ជនសង្ស័យ​ដឹងខ្លួន បាន​ជិះ​ម៉ូតូ​រត់​ចូល​ក្នុង​ព្រៃ តែ​ត្រូវ​កម្លាំង​ប្រជា​ការពារ​តាម​ចាប់​ឃាត់​ប្រគល់​មក​ប៉ុស្តិ៍​នគរបាល​តែ​ម្ដង រួម​ជាមួយ​វត្ថុ​តាង​ក្នុង​កាបូប​មាន ៖ កាបូបដៃ​១ (​មិនឃើញ​មាន​ប្រាក់​ក្នុង​នឹង​ទេ​), អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​, ប័ណ្ណ​សម្គាល់​យានយន្ត​១​សន្លឹក​, កាត​សិស្ស​២​សន្លឹក​, បង្កាន់ដៃ​បញ្ជាក់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​១​សន្លឹក​, បង្កាន់ដៃ​ទទួល​ប្រាក់​២​សន្លឹក​, កាត​សមាជិក​ cellcard ១​សន្លឹក ៕

Powered by Blogger.