Header Ads

លោក ប៉ា សុ​ជាតិ​វង្ស ស្នើ​ថា បើ​មិន​ចាំបាច់​គួរ​កុំ​ចេញពីផ្ទះនៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុននេះ

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បើ​មិន​មានការ​ងារ​អ្វី​សំខាន់ ឬ​ចាំបាច់​ទេ មិន​គួរ​ចេញពីផ្ទះ​ទេ នៅ​ថ្ងៃ​បញ្ចប់​ការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់​​​នៅ​ថ្ងៃ​ទី​២ មិថុនា ខាង​មុខ​នេះ ទន្ទឹម​នឹង​មានការ​ចូលរួម​ពី​មនុស្ស​ម្នា​ដ៏​ច្រើន​លើសលប់អាច​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ។

ការ​ស្នើ​របស់​លោក ប៉ា សុ​ជាតិ​វង្ស បែប​នេះធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ​នេះ ខណៈ​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ការ​ត្រួតពិនិត្យ​លទ្ធផល​ការដ្ឋាន​ដាក់​លូ និង​ស្ថាបនា​ផ្លូវ​លេខ​៧៧BT ប្រវែង​ជិត​៣ គីឡូម៉ែត្រ ​នៅ​ខណ្ឌមានជ័យ​ ។



លោក ប៉ា សុ​ជាតិ​វង្ស បាន​សម្តែង​ការ​ជឿជាក់​ថា នៅ​ថ្ងៃ​បញ្ចប់​ការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ ២ មិថុនា ខាង​មុខ​នេះ រាជធានី​ភ្នំពេញ​នឹង​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ ដោយហេតុ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នានា ហាក់​ដំណើរការ​ទៅ​ដោយ​រលូន​មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ការ​ដំណើរ​ល្អ​បែប​នេះ ក៏​ដោយសារ​តែ​បក្សនយោបាយ​នីមួយ​ៗ ពួក​គាត់​សុទ្ធតែ​ជា​មនុស្ស ដែល​ចាស់ទុំ​លើ​ផ្នែក​នយោបាយ​ ។ ដូច្នេះ​ទេ លោក​រំពឹង​ថា ថ្ងៃ​២ មិថុនា ខាង​មុខ​នេះ រាជធានី​ភ្នំពេញ​នឹង​ដំណើរការ​ទៅ​ដោយ​ល្អ​ប្រសើរ មិន​មាន​ហិង្សា​ ។



គួរ​បញ្ជាក់​ផង​ដែរ​ថា ជុំវិញ​ការ​ដង្ហែ​ល​ក្បួន​នេះ ដើម្បី​បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ផង​ដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ជា​មុន​ និង​បាន​វៀង​ផ្លូវ​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ហើយ​ក្នុង​ថ្ងៃ​បញ្ចប់​នេះ បើ​តាម​គម្រោង​ក្បួន​ដង្ហែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​១៥​ម៉ឺន​នាក់​ ។

បើ​យោង​តាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​៣០ ឧសភា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​នៅ​ថ្ងៃ​ទី​២ មិថុនា​ខាង​មុខ​នេះ គណៈកម្មាធិការ​គណៈបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើការ​ដង្ហែ​ល​ក្បូន​មហាជន​បិទ​ការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដោយ​ជូ​ប​ជុំ​សកម្មជន សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​លើ​បណ្តោយ​មហាវិថី ហ៊ុន សែន ហៅ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដោយ​ចេញ​តាម​ផ្លូវ​មុនី​វង្ស រហូត​ដល់​រង្វង់​មូល​ជ្រោយចង្វា​ត្រើយ​ខាងលិច បត់​ឆ្វេង​តាម​ផ្លូវ​លេខ​៧០ ផ្លូវ​២៧៣ បត់​ឆ្វេង​តាម​ផ្លូវ​៥១៦ បត់​ឆ្វេង​តាម​ផ្លូវ​២៨៩ បន្តដំណើរ​តាម​ក្រោម​ស្ពាន​អាកាស​៥​មក​រា មហាវិថី​ម៉ៅ សេ​ទុង ដល់​ស្តុ​ប​ទេព​ផ​ន បត់​ស្តាំ តាម​ផ្លូវ​១៨២ និង​បត់​ឆ្វេង​តាម​ផ្លូវ​លេខ​២៧១ ដល់​ស្ពាន​ស្ទឹង​មាន​ជ័យ បត់​ស្តាំ​មក​ផ្លូវ​វែង ស្រេង ដល់​រង្វង់​មូល​ចោម​ចៅ រួច​ក្បួន​រំសាយ​ទៅ​ដង្ហែ​តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀង​ៗ​ខ្លួន ​៕



 
Powered by Blogger.